នាយឧត្តមសេនីយ៍ ស ថេត លើកទឹកចិត្តសិស្សានុសិស្សទើបប្រឡងជាប់បាក់ឌុប បន្ដការសិក្សានៅកម្រិតឧត្តម ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់គ្រួសារ និងប្រទេសជាតិ **|**នាយឧត្តមសេនីយ៍ ស ថេត លើកទឹកចិត្តសិស្សានុសិស្សទើបប្រឡងជាប់បាក់ឌុប បន្ដការសិក្សានៅកម្រិតឧត្តម ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់គ្រួសារ និងប្រទេសជាតិWed,15 October 2025 (Time 05:27 PM)ដោយ ៖ (ចំនួនអ្នកអាន: 31នាក់) ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ច្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបង្ហាត់បង្រៀន និងអប់រំសិស្សបានល្អ ឲ្យមានការគោរពវិន័យ និងមានសមត្ថភាពដែលអាចប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិតាមបំណងប្រាថ្នារបស់ខ្លួន។ ជាពិសេស សូមកោតសរសើរដល់សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់សិក្សារៀន សូត្រ រហូតដល់បានប្រឡងជាប់ដោយសមត្ថភាពរបស់ខ្លួន ពិតប្រាកដ ស្របតាម ពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រកាសថា «ចេះគឺជាប់»។ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់លើការ អប់រំ សីលធម៌ សុជីវធម៌ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ របស់សិស្សានុសិស្ស បន្ថែមលើមុខវិជ្ជាគោលដែលត្រូវបង្រៀន និងសូមជួយតាមដានអាកប្បកិរិយា ក៏ដូចជាឥរិយាបថរបស់សិស្ស ក្រែងមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមក្មេងទំនើង ធ្លាក់ក្នុងអន្ទាក់គ្រឿងញៀន ល្បែងស៊ីសងជាដើម។ដោយឡែក សម្រាប់សិស្សានុសិស្សជ័យលាភី ត្រូវបន្តការសិក្សារបស់ខ្លួនទៅថ្នាក់ឧត្តមសិក្សា ស្របតាមស្មារតី គោលនយោបាយជាតិ ស្ដីពីការសិក្សាពេញមួយជីវិត ដើម្បីប្រែក្លាយខ្លួនទៅជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំរបស់គ្រួសារ និងប្រទេសជាតិនាថ្ងៃអនាគត។ លើសពីនេះ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតទៅលើជំនាញបន្ថមផ្សេងៗ ពិសេសភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឲ្យទាន់សម័យកាល និងពង្រឹងសមត្ថភាពប្រកួតប្រជែង យោងទៅតាមពាក្យស្លោកថា «រៀនហើយរៀនទៀត រៀនមិនចេះចប់ រៀនពេញមួយជីវិត»។ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ឲ្យជៀសវាងឲ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា ដែលធ្វើឲ្យខូចអនាគតរបស់ខ្លួន និងនាំយើងទៅរកក្ដីវិនាសអន្តរាយសម្រាប់ដំណើរជីវិតរបស់ខ្លួន។ បន្ថែមពីនេះ មិនត្រូវភ្លេចខ្លួន និងកុំមានមោទនភាពជ្រុលដែលខ្លួនការទទួលបាន និទ្ទេសល្អ ហើយទម្លាក់ចោលការខិតខំព្យាយាមសិក្សារៀនសូត្របន្ត ពីព្រោះជោគជ័យនៅពេលនេះ មិនទាន់ប្រាកដថាយើងនឹងអាចទទួលបានជោគជ័យនៅក្នុងជីវិតនោះទេ ដូច្នេះត្រូវខិតខំប្រឹងប្រែងជាបន្តទៅទៀត សម្រាប់អនាគតដ៏វែងឆ្ងាយរបស់ខ្លួន។ដោយសារបច្ចុប្បន្ន ប្រទេសជាតិកំពុងតែស្ថិតនៅក្នុងយុគសម័យឌីជីថល ដែលមានការវិវត្ត ប្រែប្រួលឥតឈប់ឈរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំសិស្សានុសិស្សទាំងអស់ ត្រូវសិក្សាធ្វើយ៉ាងណាទាញយក ប្រយោជន៍ពីបច្ចេកវិទ្យា មកប្រើប្រាស់ក្នុងន័យវិជ្ជមាន ជាជំនួយដល់ការសិក្សាស្រាវជ្រាវ ក៏ដូចជាផ្សព្វផ្សាយនូវចំណុចវិជ្ជមានទាំងឡាយរបស់សង្គមជាតិ ហើយសូមជៀសឲ្យខានតែបានចំពោះការប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ក្នុងន័យអវិជ្ជមានដូចជាការផ្សព្វផ្សាយ ឬចែករំលែកមាតិកា ឬ ព័ត៌មានក្លែងក្លាយ មានលក្ខណៈញុះញង់ បំពុលសង្គម ដែលនាំឲ្យមានការបែកបាក់ដល់សង្គមជាតិ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ឥស្សរជនជាថ្នាក់ដឹកនាំប្រទេស។ជាមួយគ្នានេះ ត្រូវបន្តមានស្មារតី និងមនសិកាស្រឡាញ់ជាតិមាតុភូមិ សាមគ្គីជាតិរឹងមាំ ស្រឡាញ់ និងការពារសុខសន្តិភាព ពិសេសត្រូវតែជៀសឲ្យឆ្ងាយពីចលនាប្រមូលផ្តុំខុសច្បាប់នានា ដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុកក្នុងន័យបង្កចលាចលអសន្តិសុខសង្គម និងបំផ្លាញភាពសុខសាន្តរបស់ពលរដ្ឋ និងវឌ្ឍនភាពសង្គម និងសូមចូលរួមថែរក្សាបរិស្ថានល្អនៅមូល ដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាព សុខភាពរបស់មនុស្ស និងសត្វផងដែរ រួមទាំងចូលរួមថែរក្សាស្នាដៃ និងសមិទ្ធផលនានា ដែលសម្បត្តិសាធារណៈ សម្រាប់បម្រើផលប្រយោជន៍របស់យើងទាំងអស់គ្នា។យោងតាមរបាយការណ៍របស់លោកអភិបាលស្រុកកំចាយមារ បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ស្រុកកំចាយមារ មានសិស្សជ័យលាភីដែលបានប្រឡងជាប់ មានរហូតដល់ ៨៩,៩០ភាគរយ នៃបេក្ខជនដាក់ពាក្យប្រឡង ក្នុងនោះមាន និទ្ទេស A ១៧នាក់, និទ្ទេស B ៤៣នាក់, និទ្ទេស C ១៣៦នាក់, និទ្ទេស D ២៣៨នាក់ និងនិទ្ទេស E ១៥៤នាក់ ៕
ចំនួនអ្នកទស្សនា
វីដែអូ